Sunday, March 8, 2015


នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ផាកលុយ​ជិត​២ម៉ឺន​ដុល្លា

ជនជាតិសាំងហ្គាពួរមួយរូប បានសម្ដែងការស្ដាយក្រោយយ៉ាងពន់ពេក បន្ទាប់ពីខ្លួនត្រូវបានអាជ្ញាធរពិន័យ ឲ្យ​បង់​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់ និង​យ៉ាង​ជូរចត់ ពីបទបានចោលកន្ទុយបារីតាមបង្អួច។

នេះ​ជា​តឹក​តាង​មួយ ដែល​ធ្វើ​ឲ្យ​ទីក្រុង​សិង្ហ​បូរី​ក្លាយ​ជា​ទីក្រុង​មួយ ក្នុង​ចំណោម​ទី​ក្រុង​ដែល​ស្អាត មាន​ផាលសុខភាព​ជាង​គេ ក្នុង​ពិពកលោក។ តឹក​តាង​នេះ ត្រូវ​និយាយ​បូក​សរុប​ទាំង​ការ​បង្កើត​ច្បាប់ ការ​អនុវត្ត​ច្បាប់ និង​ការ​ចូល​រួម​ពី​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ផង។ តែ​គេ​នៅ​មិន​ទាន់​និយាយ​ពី​ផ្នត់​គំនិត ដែល​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​នេះ នូវ​អរិយធម៌​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​នោះ​ផង​ទេ។
យើង​សូម​លើក​យក​ករណី​តូច​មួយ មក​បង្ហាញ ដែល​នឹង​បញ្ជាក់​ថា ច្បាប់​របស់​ប្រទេស​នេះ បើ​សូម្បី​តែ​រឿង​តូច​មួយ ក៏​មិន​អាច​លេង​សើច​ជា​មួយ​បាន​ដែរ។ ករណី​តូច​មួយ តែ​បាន​ធ្វើ​ឲ្យ​តួ​លេខ​នៃ​ការ​ផាក​ពិន័យ ទទួល​បាន​ឯកត្តកម្ម ដែល​ពី​មុន​មក មិន​ធ្លាប់​មាន​នរណា​ទទួល​រង​ដូច្នេះ​ឡើយ។
ការពិន័យជាទឹកប្រាក់ ដែលបានបំបែកឯកត្តកម្មនេះ មានចំនួនដល់ទៅ១៩៨០០ដុល្លាសិង្ហបូរី និងជាទណ្ឌកម្ម​ដាក់ទៅលើបុរសជាតិសាំងហ្គាពួរម្នាក់ ដែលបានចោលកន្ទុយបារីចំនួន៣៤ដើម តាមបង្អួចនៃផ្ទះរបស់គាត់។ នេះ ​បើតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរជាតិនៃបរិដ្ឋាន (NEA) របស់ប្រទេសសិង្ហបូរីផ្ទាល់តែម្ដង។
រូបភាពឃ្លាំមើលនៃម៉ាស៊ីនថតវីដេអូសុវត្ថិភាព បានបញ្ជាក់ឲ្យបុរសអ្នកជក់បារីខាងលើ មិនមានអ្វីមកប្រកែក​ឡើយ។ ហើយរូបភាពចោទប្រកាន់ បានបង្ហាញត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ដែលបុរសរូបនេះ បានចោលកន្ទុយបារី​ចំនួន៣៤ដើម។ ប៉ុន្តែគេមិនដឹងថា ពីមុនមកបុរសបានចោលអស់ប៉ុន្មានផ្សេងទៀតនោះទេ។ រីឯការបង់​ពិន័យ​នេះ ក៏មិនមែនធ្វើត្រឹមតែជាប្រាក់ជិតម៉ឺនដុល្លាសាំងហ្គាពួរនោះដែរ ព្រោះអាជ្ញាធរកំណត់ឲ្យបុរស ត្រូវសំអាត​ទី​សាធារណៈ សម្រាប់រយៈពេល៥ម៉ោង។
និយាយទៅ សាធារណៈរដ្ឋសាំងហ្គាពួរ មានប្រព័ន្ធច្បាប់យ៉ាងតឹងតែងជាទីបំផុត ទាក់ទងនឹងភាពស្រស់ស្អាត ប្រកបដោយផាលសុខភាព នៅតាមទីសាធារណៈ។ ប្រព័ន្ធច្បាប់នេះ បានហាមឃាត់ជាពិសេស ការបោះ​ចោល​សម្រាម នៅតាមដងផ្លូវ ឬហាមមិនឲ្យនាំ«ស្កកៅស៊ូ»ចូលក្នុងប្រទេសឡើយ៕

Read more at http://monoroom.info/news/post/4753#I7tK2Uo58BAL562W.99

សាំងហ្គាពួរ៖ ធ្វើខ្លួនអោយស្អាតបាតឡើង ព្រោះគេកំពុងថត អ្នកហើយ!

ប្រទេសសំាងហ្កាពួរ ដែលមានលក្ខណៈជាទីក្រុងផងនោះ ជាប់ឈ្មោះបោះសម្លេងថា ជាទីក្រុងដែលស្អាតគ្មានសំរាម។ ក្នុងពេលឆាប់ៗខាងមុខ អ្នកដែលចោលកាកសំណល់គ្មានសណ្តាប់ធ្នាប់ នឹងគេចមិនផុតពីការឃ្លាំមើល របស់អាជ្ញាធរ បានឡើយ។

ប្រទេសសំាងហ្គាពួរ ដែលមានលក្ខណៈជាទីក្រុងផងនោះ ជាប់ឈ្មោះបោះសម្លេងថា ជាទីក្រុងដែលស្អាតគ្មានសំរាម។ ក្នុងពេលឆាប់ៗខាងមុខ អ្នកដែលចោលកាកសំណល់គ្មានសណ្តាប់ធ្នាប់ នឹងគេចមិនផុតពីការឃ្លាំមើល របស់អាជ្ញាធរ បានឡើយ។
ម៉ាស៊ីនថតតាមដាន ដែលគេនឹងបំពាក់ ជាលក្ខណៈ ៣៦០°។

ភ្នាក់ងារបរិស្ថានជាតិ (NEA) របស់ប្រទេសនេះបានប្រកាសថា គេនឹងបំពាក់ម៉ាស៊ីនថតតាមដាន ដែលអាចចាប់រូបភាព បានច្បាស់ល្អ (HD) នៅតាមកន្លែងមួយចំនួននៅក្នុងពេល៣ខែខាងមុខនេះ។ សំរាប់អ្នកដែលត្រូវគេតាមទាន់ថាបានបោះ សំរាមចោលនៅទីកន្លែងផ្តេសផ្តាសនឹងត្រូវទទួលទោស ហើយអត្តសញ្ញាណរបស់គេនឹងត្រូវបង្ហាញជាសាធារណៈ។ នេះជាការផ្សាយអោយដឹង របស់គេហទំព័រ ឆានែល ញូ អេស៊ី។
កាមេរ៉ាដែលមានបច្ចេកវិទ្យាខ្ពស់ទាំងនេះ ក៏អាចចាប់យករូបភាពអ្នកជក់បារី ដែលចោលកន្ទុយបារីបានដែរ។ ភ្នាក់ងារ បរិស្ថានជាតិ(NEA) បានបញ្ជាក់ថា ថ្មីៗនេះ មានមនុស្សពីរនាក់ហើយ ដែលត្រូវបានគេតាមទាន់ជាក់ស្តែង នៅក្នុងពេល សាកល្បងបំពាក់កាមេរ៉ានេះ ជាលើកដំបូង។ បើបកស្រាយនៅចំពោះមុខតុលាការ ពួកគេនឹងត្រូវផ្តន្ទាទោស ដោយផាក ពិន័យជាទឹកប្រាក់ចំនួនពី ៨០០ ទៅ ១០០០ដុល្លាសាំងហ្កាពួរ (៥០០ ទៅ ៦២៥ អ៊ឺរ៉ូ)។ ច្បាប់នេះបានគ្រោង ការផាកពិន័យ ជាសាច់ប្រាក់ច្រើនបំផុតគឹ ១០០០ដុល្លា រឺ អាចពិន័យអោយធ្វើការងារ ជាប្រយោជន៍ដល់សង្គម រហូតដល់១២ម៉ោង។
ស្របនឹងការពង្រឹង វិធានការបង្ក្រាបការចោលសំរាមផ្តេសផ្តាស ដែលចាក់ឬសនៅក្នុងនយោបាយ «គ្មានការយោគយល់» របស់សាំងហ្កាពួរ ក្រុមអាជ្ញាធរនៃប្រទេសនេះបានតម្លើងទ្វេរដង នូវការផ្សព្វផ្សាយ ពីចូលរួមទទួលខុសត្រូវ ហើយក៏បាន រំលឹកពីកតព្វកិច្ច របស់ពលរដ្ឋអ្នករស់នៅទូទៅ អោយដាក់កំហឹតទៅដល់ជន ដែលបានចោលកាកសំណល់ ពាសវាល ពាសកាល។
ជាទំលាប់ទៅហើយ ដែលរដ្ឋអំណាចសាធារណៈ នៃប្រទេសតូចជាងគេក្នុងពិភពលោកនេះ គិតខ្វល់ខ្វាយពីភាពស្អាតបាត ឥតខ្ចោះនោះ។ នៅក្នុងជំហានថ្មីនេះ ក្រុមអាជ្ញាធរបានបន្ថែមការរំលឹក កាន់តែច្រើនឡើងៗ ទៅដល់ប្រជាពលរដ្ឋ។ ភ្នាក់ងារបរិស្ថានជាតិ (NEA) បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសសាំងហ្កាពួរ ជាប្រទេសដែលមាន ហេដ្ឋារចនាស័ម្ពន្ធ ទាន់សម័យ និងជឿនលឿន ប៉ុន្តែរបៀបរបបរស់នៅ របស់ប្រជាពលរដ្ឋរបស់ប្រទេសនេះ មិនទាន់ តាមមកទាន់នៅឡើយ។ ការប្រឹងប្រែងទាំងឡាយ សំរាប់ជំរុញផែនការ “រក្សាសំាំងហ្កាពួរអោយនៅស្អាត (Keep Singapor Clean)” ត្រូវបានធ្វើឡើង ក្នុងគោលបំណងលើកកំលាំងចិត្តដល់ប្រជាជន ក្នុងការចែករំលែកទំនួលខុសត្រូវ ដើម្បីធានា អោយបាននូវសោភណ្ឌភាពជាតិ។ ដោយសារការប្រឹងប្រែងទាំងអស់គ្នានេះ យើងនឹងអាចធ្វើការក្នុងចក្ខុវិស័យរួមមួយ សំរាប់ប្រទេសសាំងហ្កាពួរ ដែលនឹងផ្លាស់ប្តូរពី “ទីក្រុងត្រូវបានគេសំអាត” ទៅជា “ទីក្រុងស្អាតពិតប្រាកដ”មួយ៕»

Read more at http://monoroom.info/news/post/372#o0TXMiYqOPwwoAr5.99

​លោក​លីក្វាន់យូ​ បិតា​ស្ថាបនិក​​ និង​ជា​មហាបុរស​រដ្ឋ​សិង្ហបុរី​​មាន​ប្រវត្តិ​​​​យ៉ាង​ម៉េច?


លោក​លីក្វាន់យូប្រភព៖​ todayonline.com
លោក​លីក្វាន់យូ​ជា​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ពី​ឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៦១ ហើយ​បាន​ដឹក​នាំ​ប្រទេស​ដែល​មាន​ទំហំ​ផ្ទៃ​ដី​តូច​នេះ ឲ្យ​រីក​លូតលាស់​សេដ្ឋកិច្ច រហូត​ដល់​ប្រទេស​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​ក្លាយ​ជា​កូន​នាគ​អាស៊ី ឬ​ខ្លា​អាស៊ី។ សិង្ហបុរី​ក្នុង​អំឡុង​ពេល​ដែល​លោក​លីក្វាន់យូ​គ្រប់គ្រង មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន។

​ថ្វី​ត្បិត​លោក​លែង​​កាន់​​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី ក៏​លោក​នៅ​តែ​ជា​បុគ្គល​​ដែល​មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​ឆាក​នយោបាយ​សិង្ហបុរី រហូត​ដល់​លោក​ត្រូវ​បាន​ផ្ដល់​ងារ​ជា​គរុគណ​ (mentor) សម្រាប់​ផ្ដល់​ឱវាទ​ដល់​គណៈ​រដ្ឋ​មន្ត្រី​សិង្ហបុរី​ថែម​ទៀត​ផង។ ​បច្ចុប្បន្ន​លោក​ចូល​និវត្ត​ពី​ឆាក​នយោបាយ​ទាំង​ស្រុង ប៉ុន្តែ​ដើម្បី​ទុក​ជា​ការ​សិក្សា​ស្វែង​យល់ ទើប គេហទំព័រ TheBNEWS សូម​នាំ​មក​ជូន​អស់​លោក​អ្នក​នូវ​ជីវប្រវត្តិ​លោក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​នេះ។


​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖ ១៦ ​កញ្ញា ១៩២៣ (អាយុ ៩១ ឆ្នាំ)

ស្រុក​កំណើត ៖ ប្រទេស​សិង្ហបុរី

កម្រិត​វប្បធម៌ ៖ សញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ខេមប្រ៊ីជ (Cambridge University)

វិស័យ​នយោបាយ ៖ ជា​ស្ថាបនិក​គណបក្ស​ចលនា​ប្រជាជន (People’s Action Party)

ប្រវត្តិ​ការងារ ៖ នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី ១៩៥៩ – ១៩៩០ (កាន់​អំណាច ៣១ ឆ្នាំ)


លោក​លីក្វាន់យូ​កើត​ក្នុង​ត្រកូល​អ្នក​មាន​ជីវភាព​ធូរធារ (អ្នក​វណ្ណៈ​កណ្ដាល)។ ឪពុកម្ដាយ​របស់​លោក​ជាប់​សែស្រឡាយ​ចិន និង​បាន​ទៅ​រស់​នៅ​ប្រទេស​សិង្ហបុរី​តាំង​ពី​ទសវត្ស​ទី​១៩។ តាំង​ពី​ក្មេង​មក​ម៉្លេះ លោក​លីក្វាន់យូ​ត្រូវ​ឪពុក​ម្ដាយ​ឲ្យ​រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​មួយ លុះ​ពេល​លោក​ចាប់​អាជីព​នយោបាយ លោក​រៀន​ភាសា​ចិន និង​ភាសា​ម៉ាឡេ។ ក្រោយមក លោក​បាន​ទៅ​សិក្សា​មុខវិជ្ជា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស។ នៅ​ទី​នោះ​លោក​ជា​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​សង្គម​និយម (socialist)។


នៅ​ពេល​ដែល​កងទ័ព​ជប៉ុន​ចូល​កាន់កាប់​ប្រទេស​សិង្ហបុរី​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ កាល​ពី​ខែកុម្ភៈ ឆ្នាំ១៩៤២ លោក​លីក្វាន់យូ​អាយុ ១៩ ឆ្នាំ។ ​ព្រឹត្តិការណ៍​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ផ្នត់​គំនិត​របស់​លោក​។ កាលណោះ លោក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​កណ្ដាល​ទី ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀន​ភាសា​ជប៉ុន និង​ក្រោយមក​ទៀត លោក​មាន​ការងារ​ជា​អ្នក​បកប្រែ។ គឺ​​នៅ​ពេល​នោះ​ហើយ ​ដែល​លោក​​ដុះ​គំនិត​ជាតិ​និយម​។ លោក​យល់​ច្បាស់​ថា​ទាំង​ពួក​ជប៉ុន និង​ទាំង​ពួក​អង់គ្លេស (ដែល​ជា​ម្ចាស់​អាណានិគម​លើ​ប្រទេស​សិង្ហបុរី ហើយ​ទើប​តែ​ត្រូវ​ជប៉ុន​វាយ​ឡើយ​ខ្ចាត់ខ្ចាយ) គ្មាន​សិទ្ធិ​អំណាច​អ្វី​ត្រូវ​មក​ត្រួត​ត្រា​ប្រទេស​សិង្ហបុរី​នោះ​ទេ។ ក្រោយមក លោក​លីក្វាន់យូ រក​វិធី​រំដោះ​ប្រទេស ដើម្បី​នាំ​ឯករាជ្យ​ភាព ​ជូន​ជាតិ​មាតុភូមិ។

គំនិត​ជាតិ​និយម​របស់​លោក​លីក្វាន់យូ ចាប់​ផ្ដើម​ចេញ​ជា​រូបរាង​នៅ​ពេល​លោក​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​។ ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ (១៩៤៥) លោក​បាន​ទៅ​រៀន​នៅ​ប្រទេស​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច London School of Economics ​និង​បន្ទាប់​មក​ទៀត លោក​រៀន​មុខ​វិជ្ជា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ខេមប្រ៊ីជ (Cambridge University) ប្រទេស​អង់គ្លេស​។ លោក​រៀន​បាន​ពិន្ទុ​ខ្ពស់​បំផុត និង​បំពេញ​តួនាទី​ជា​និស្សិត​ឆ្នើម​នៅ​ក្នុង​សៀវភៅ​សិក្ខាគារិក​ (Academic Record)។


អំពី​អាជីព​នយោបាយ

លោក​លីក្វាន់យូ​បាន​វិល​ត្រឡប់​ទៅ​សិង្ហបុរី​វិញ​នៅ​ឆ្នាំ១៩៥០ និង​រៀប​ការ​ប្រពន្ធ​នៅ​ឆ្នាំ​ដដែល។ ដំបូង លោក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្នែក​ផ្ដល់​ប្រឹក្សា​ច្បាប់ ហើយ​បន្ទាប់​មក​លោក​បើក​មុខ​របរ​ផ្ទាល់​ខ្លួន។ ​អាស្រ័យ​ដោយសារ​លោក​មាន​ចំណូល​ចិត្ត​ខាង​វិស័យ​នយោបាយ​ជាង​អាជីព​ដទៃ​ទៀត លោក​ក៏​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​គណបក្ស​នយោបាយ​ក្រោម​ការ​ជួយ​គាំទ្រ​ពី​មិត្ត​ភក្ដិ​ចាស់ៗ។

នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ១៩៥៤ គណបក្ស «ចលនា​ប្រជាជន – People’s Action Party» ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ ដែល​មាន​លោក​លីក្វាន់យូ​ជា​អគ្គលេខាបក្ស (secretary-general)។ នៅ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​សកល​ថ្ងៃ​ទី​៣០ ខែឧសភា ១៩៥៩ គណបក្ស​ចលនា​ប្រជាជន ឈ្នះ​ឆ្នោត​គ្រប់​មណ្ឌល​ទាំង​អស់។ ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ១៩៥៩ ​សិង្ហបុរី​មាន​រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត។ ពីរ​ថ្ងៃ​ក្រោយ​មក លោក​លីក្វាន់យូ​ ​និង​មិត្ត​ភក្ដិ​របស់​លោក​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ ដោយ​មាន​លោក​លីក្វាន់យូ​ជា​នាយក​រដ្ឋ​មន្ត្រី។


គណបក្ស «ចលនា​ប្រជាជន​» របស់​លោក​លីក្វានយូ​ជាប់​ឆ្នោត​ជា​បន្តបន្ទាប់​។ លោក​លីក្វាន់យូ​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ ឲ្យ​​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​អាណត្តិ​បន្តបន្ទាប់​ទៀត​ដូច​ជា​ឆ្នាំ​១៩៦៣ – ១៩៦៥ – ១៩៧២ – ១៩៧៦ – ១៩៨០ – ១៩៨៤។ ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ១៩៩០ ពេល​កំពុង​កាន់​តំណែង​សុខៗ លោក​លីក្វាន់យូ បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​កណ្ដាល​ទី ប៉ុន្តែ​នៅ​រក្សា​តួនាទី​នៅ​ក្នុង​ជួរ «គណបក្ស​​ចលនា​ប្រជាជន» រហូត​ទៅ​ទល់​នឹង​ឆ្នាំ១៩៩២ ទើប​លោក​លាលែង​ពី​តំណែង​នៅ​ក្នុង​បក្ស​ទៀត។

រង្វាយ​តម្លៃ​ និង​សរុប​សេចក្ដី

​លោក​លីក្វាន់យូ បាន​ដឹក​នាំ​ប្រទេស​សិង្ហបុរី​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​នាំ​ប្រទេស​ជាតិ ឲ្យ​ស្គាល់​តែ​សុខ​សន្តិភាព សុវត្ថិភាព វិបុលភាព និង​សុភមង្គល។ របៀបដឹកនាំ​របស់​លោក​ មាន​ចរិត​លក្ខណៈ «អាជ្ញានិយម – authoritarianism»។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​កាល​ពី​អំឡុង​ទសវត្ស​ទី៨០ ​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​សិង្ហបុរី​ម្នាក់ៗ ​គឺ​ខ្ពស់​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ជប៉ុន(នៅ​តំបន់​អាស៊ី​បូព៌ា ៖ ចិន – ជប៉ុន – តៃវ៉ាន់ – កូរ៉េខាងជើង និង​ត្បូង)។ ​បច្ចុប្បន្ន សិង្ហបុរី​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សំខាន់​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕

…​អ្វី​ដែល​អ្នក​មិន​​ដែល​ដឹង អំពី​ប្រទេសសិង្ហបុរី​មាន​ក្រិត្យវិន័យ​តឹងតែង!​…

ទិដ្ឋភាព​ប្រទេស​សិង្ហបុរី​នា​ពេល​រាត្រី​ប្រភព៖​ phd-mba.nus.edu.sg
ខាងក្រោម​នេះ ​ជា​ច្បាប់​ដ៏​តឹងតែង​របស់​សិង្ហបុរី ដែល​គេ​មិន​អាច​មើល​រំលង​បាន​ទេ ព្រោះ​សិង្ហបុរី​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក ដែល​អនុវត្ត​ច្បាប់​ និង​វិន័យ​ម៉ត់​ចត់​គ្រប់​ជ្រុង​ជ្រោយ គ្មាន​ករណី​លើក​លែង​។

១- បញ្ហា​ស្ករ​កៅស៊ូ សំរាម និង​ការ​ពិសា​បារី៖ នៅ​សិង្ហបុរី ការ​លក់​ស្ករ​កៅស៊ូ​ជា​អំពើ​ល្មើស​ច្បាប់។ ដូចនេះ បញ្ហា​ដោះស្រាយ​សម្រាប់​អ្នក​ស្អុយមាត់ គឺ​ទំពារ​ជី​អង្កាម។ ពេល​លោក​អ្នក​អញ្ជើញ​ទៅ​ដល់​ប្រទេស​សិង្ហបុរី សូម​ទុក​ដាក់​ស្ករ​កៅស៊ូ​នៅ​ក្នុង​កាបូប​ឲ្យ​បាន​ស្រួល ព្រោះ​ពេល​ប៉ូលិស​ចាប់​បាន ត្រូវ​ជាប់​ពិន័យ ១០០០ ដុល្លារ​អាមេរិក ​ទុក​ជា​ការ​ព្រមាន​លើក​ទី​មួយ។

២- អ្នក​ដែល​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ត្រូវ​ជាប់​ពិន័យ ៣០០ ដុល្លារ​អាមេរិក​ (សម្រាប់​សំរាម​ខ្នាត​តូច​ដូចជា ៖ ចោល​កន្ទុយបារី ឬ​សម្បក​ស្ករ​គ្រាប់)។ ​សំរាម​ខ្នាត​ធំ​ដូច​ជា ៖ កំប៉ុង​ស្រា​បៀរ ឬ​ដប​ទឹក​សុទ្ធ ត្រូវ​យក​ទៅ​ជំនុំជំរះ​ទោស​នៅ​តុលាការ។ អ្នក​ដែល​ជាប់​ពិរុទ្ធ​ពី​បទ​ចោល​សំរាម​ខ្នាត​ធំ​ ត្រូវ​ជាប់​អនុវត្ត​ទោស​ដោយ​បោស​សម្អាត​ទី​សាធារណៈ និង​ពិន័យ ១០០០ ដុល្លារ​សិង្ហបុរី (៨០០ ដុល្លារ​អាមេរិក)។

៣- ការ​ជក់​បារី​ត្រូវ​ហាម​ប្រាម​ដោយ​ច្បាប់ ៖ ហាម​ជក់​បារី​នៅ​បន្ទប់​បិទ​ជិត​គ្រប់​ប្រភេទ​ទាំង​អស់ ដែល​ជា​កន្លែង​សាធារណៈ។ ក្រៅ​ពី​នោះ ទីធ្លា​បើក​ទូលាយ ក៏​មិន​អនុញ្ញាត​ឲ្យ​ពិសា​បារី​ដែរ។ ​អ្នក​ជក់​បារី​ត្រូវ​ពិន័យ ២០០ ដុល្លារ​សិង្ហបុរី (១៦០ ដុល្លារ​អាមេរិក) ​ទុក​ជា​ការ​ពិន័យ​លើក​ទីមួយ ហើយ​ក្នុង​ករណី​មិន​រាងចាល ត្រូវ​ឡើង​តុលាការ​និង​ជាប់​ពិន័យ ១០០០ ដុល្លារ​សិង្ហបុរី (៨០០ ដុល្លារ​អាមេរិក)។

៤- ​នោម​ក្នុង​ជណ្ដើរ​យោង ៖ ហាម​នោម​នៅ​ក្នុង​ជណ្ដើរ​យោង ៖ ​រដ្ឋាភិបាល​សិង្ហបុរី​បាន​បំពាក់​ឧបករណ៍​តាម​ដាន​ទឹក​នោម (Urine Detection Devices) នៅ​តាម​ជណ្ដើរ​យោង​គ្រប់​កន្លែង​ទាំង​អស់។ ដូចនេះ នៅ​ពេល​មាន​ក្លិន​ទឹក​នោម​នៅ​ទីនោះ ឧបករណ៍​នេះ​នឹង​បញ្ជូន​រលក​សញ្ញា​ទៅ​ប៉ូលិស ហើយ​ប៉ូលិស​នឹង​ចេញ​បញ្ជា​បិទ​ដំណើរការ​ជណ្ដើរ​នោះ រហូត​ទាល់​តែ​ប៉ូលិស​ទៅ​ដល់។ ដូចនេះ កុំ​សង្ឃឹម​ថា​គេច​ផុត​ពី​ដៃ​សមត្ថកិច្ច​ឲ្យ​សោះ ប្រសិនបើ ហ៊ាន​នោម​ដាក់​ជណ្ដើរ។

​ភ្លេច​ចុច​ទឹក​បង្គន់ ពិន័យ ១៥០ ដុល្លារ​សិង្ហបុរី (១២០ ដុល្លារ​អាមេរិក) ៖ ក្នុង​ករណី​អ្នក​ណា​ម្នាក់​ចូល​បន្ទប់​ទឹក​ដើម្បី​បត់ជើង​តូច ឬ​ធំ ត្រូវ​តែ​ចុច​ទឹក​បង្គន់​ជា​ដាច់​ខាត ពុំនោះ​ទេ​តែ​កាលណា​ប៉ូលិស​ចាប់​បាន ត្រូវ​ជាប់​ពិន័យ។

៥- ការ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ ៖ ការ​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ ដូច​ជា​ការ​ដើរ​គូសវាស​ក្រវេមក្រវាម​លើ​ឡាន ម៉ូតូ ជញ្ជាំង​អគារ។ល។ មិន​ត្រឹម​តែ​ជាប់​ពិន័យ​ទេ ត្រូវ​វាយ​នឹង​រំពាត់​នៅ​ចំពោះ​មុខ​មហាជន​ទៀត​ផង។ មាន​ករណី​ដ៏​ល្បី​ល្បាញ​មួយ​ផ្អើល​ពេញ​ពិភពលោក​រឿង យុវជន​ម្នាក់​ជា​ជនជាតិ​អាមេរិក​បាន​យក​ទឹក​ថ្នាំ​ទៅ​បាញ់​លើ​ឡាន​របស់​អ្នក​ដទៃ ឡើង​ប្រឡាក់​ខ្ទេច​ខ្ទី​អស់។ យុវជន​នោះ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​គុក​ពីរ​ឆ្នាំ និង​វាយ​ប្រាំមួយ​រំពាត់ ប៉ុន្តែ​ត្រូវ​បាន​បន្ធូរបន្ថយ​បន្ទាប់​ពី​អន្តរាគមន៍​ពី​ប្រធានាធិបតី​ប៊ីលគ្លីនតុន​កាល​ជំនាន់​នោះ។

៦- បញ្ហា​វីដេអូ ឬ​រូប​អាសអាភាស ៖ សិង្ហបុរី​ហាម​ប្រាម​មិន​ឲ្យ​ចុះ​ផ្សាយ ឬ​ចែក​ផ្សាយ​គ្រប់​ទិដ្ឋភាព​ដែល​មាន​ចរិត​លក្ខណៈ​អាសអាភាស ឬ​និយាយ​អំពី​ការ​រួមរ័ក (sex) ជា​ដាច់​ខាត​ដូចជា ៖ ទស្សនាវដ្ដី កាសែត​វីដេអូ ឌីវីឌី រូបថត​តាម​អ៊ីនធើណិត​។ សូម្បី​ទស្សនាវដ្ដី​ស្រើបស្រាល​ដូចជា Cosmopolitan ថ្វីត្បិត​ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បោះពុម្ពផ្សាយ ក៏​បាន​សរសេរ​ហាមប្រាម​អ្នក​ក្រោម​អាយុ ១៨ ឆ្នាំ​មិន​ឲ្យ​មើល។

ការ​ស្រាត​ខ្លួន​ននល​គោក ឬ​ស្លៀក​តែ​ខោ​ក្នុង​តូច​មួយ​បិទបាំង​ ហើយ​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ ក៏​មាន​ទោស​ដែរ​ ដើម្បី​រក្សា​ភាព​អភិរក្ស​និយម​ដែល​មាន​តាំង​ពី​ដូនតា។ ច្បាប់​ចែង​ថា​ការ​ធ្វើ​បែបនេះ​ក៏​ជា​ទម្រង់​នៃ «ភាព​អាសអាភាស ​- pornographic» មួយ​ដែរ៕

http://www.thebnews.com/news/7296/

តើ​លោក​លីខ្វាន់យូ​ ដឹកនាំ​ប្រទេស​តាម​របៀបណា ទើប​ធ្វើ​ឲ្យ​សិង្ហបុរី​ក្លាយជាកូន​នាគ​អាស៊ីដូច​សព្វថ្ងៃ?



លោក​លី​ខ្វាន់យូ គ្រប់​គ្រង​ប្រទេស​ដោយ​កណ្ដាប់​ដៃ​ដែក និង​អំណាច​ផ្ដាច់ការ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន


នៅ​ពេល​ដែល​គេ​និយាយ​អំពី​ប្រទេស​សិង្ហបុរី ដែល​រីក​ចម្រើន​មក​ទល់​សព្វថ្ងៃ គេ​មិន​អាច​មិន​និយាយ​អំពី​ឈ្មោះ​លោក លីខ្វាន់យូ ទេ ព្រោះ​លោក​លីខ្វាន់យូ (Lee Kuan Yew) ជា​បិតា​ស្ថាបនិក (Founding Father) នៃ​ប្រទេស​សិង្ហបុរី​សម័យ​ទំនើប (modern Singapore) និង​ជា​រដ្ឋ​បុរស (statesman) ដ៏​ឆ្នើម​របស់​ប្រទេស​សិង្ហបុរី។ លោក​ត្រូវ​គេ​ផ្ដល់​គោរមងារ​ជា «គរុគណ -mentor» ដែល​មាន​ន័យ​ថា​ជា «គ្រូធំ» ឬ «សម្ដេច​ព្រះ​គ្រូ» សម្រាប់​ផ្ដល់​ដំបូន្មាន​ល្អៗ ដល់​រដ្ឋ​មន្ត្រី​សិង្ហបុរី ពី​ឆ្នាំ២០០៤ ដល់ ឆ្នាំ២០១១។

អត្ថបទ​នេះ​ផ្ដោត​ជា​សំខាន់​លើ​របៀប​ដឹកនាំ (leadership) របស់​លោក​លីខ្វាន់យូ ពោល​គឺ​គោល​នយោបាយ​សំខាន់ៗ​ដែល​លោក​លីខ្វាន់យូ​ធ្លាប់​អនុវត្ត​ ចាប់​ពី​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នាំ១៩៥៩ ទៅ​ទល់​នឹង​ឆ្នាំ១៩៩០ (កាន់​អំណាច ៣១ឆ្នាំ)។


ចំណុច​សំខាន់ៗ ដែល​គេ​គួរ​ស្វែង​យល់​អំពី​ប្រទេស​សិង្ហបុរី៖ 

១-ជា​ប្រទេស​តូច​ មាន​ផ្ទៃ​ដី​មិន​ដល់ ២៥ គីឡូម៉ែត្រ​ គុណ​នឹង​២៥គីឡូម៉ែត្រ​(ផ្ទៃដីជាង ៧០០គីឡូម៉ែត្រការ៉េ) ផង ប៉ុន្តែ​មាន​អាកាសយានដ្ឋាន​ធំ​លំដាប់​កំពូល​របស់​ពិភពលោក។

២-ជា​ប្រទេស​ដែល​ស្ទើរ​តែ​គ្មាន​ធនធាន​ធម្មជាតិ រហូត​ដល់​សូម្បី​តែ​ទឹក​ស្អាត ក៏​ត្រូវ​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ដែរ។ រហូត​មក​ទល់​នឹង​ពេល​នេះ ក៏​សិង្ហបុរី​នៅ​តែ​ទិញ​ទឹក​ស្អាត​ពីម៉ាឡេស៊ី​ដដែល ព្រោះ​ការ​ផលិត​ទឹក​ស្អាត​ដោយ​ចម្រាញ់​ពី​ទឹក​សមុទ្រ បង្ក​ហានិភ័យ​ខ្ពស់ ព្រោះ​ម៉្យាង ទឹក​មាន​សារធាតុ​វិទ្យុុសកម្ម​ដែល​ប្រើ​វិធីណា​ ក៏មិន​អាច​ជម្រុះ​ចោល​បាន និង​ម៉្យាង​ទៀត ចម្រាញ់​ទឹក​ស្អាត​ខ្លួន​ឯង សិង្ហបុរី​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ជាង​ទិញ​ពី​គេ​ស្រាប់។

៣-ជា​ប្រទេស​ដែល​មាន​កំពង់​ផែ​អន្តរជាតិ​ខ្នាត​ធំ លំដាប់​អន្តរជាតិ។

៤-ក្រោយ​ពេល​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ សិង្ហបុរី​ខ្សត់ខ្សោយ​ធនធាន​គ្រប់​សព្វបែបយ៉ាង​ទាំង​អស់ ទាំង​ធនធាន​មនុស្ស និង​ធនធាន​ធម្មជាតិ។

៥-សិង្ហបុរី​ជា​ប្រទេស​ដែល​មាន​សុខ​សុវត្ថិភាព​បំផុត​នៅ​ក្នុង​ពិភពលោក ទោះ​បី​មនុស្ស​ចង់​ធ្វើ​ដំណើរ​កណ្ដាល​អាធ្រាត្រ ម៉ោង​ប៉ុន្មាន ទៅ​ដល់​កន្លែង​ស្ងាត់​ជ្រងំ ដើរ​ដាច់​សង្វែង​យ៉ាងណា ក៏​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​គេ​ដែរ។

៦-សិង្ហបុរី ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក ដែល​អនុវត្ត​វិន័យ និង​ច្បាប់​យ៉ាង​ហ្មត់ចត់​បំផុត គ្រប់​ជ្រុង​ជ្រោយ គ្មាន​ការ​លើក​លែង សូម្បី​តែ​វិន័យ​តូច​កំប៉ិកកំប៉ុក​​ប៉ុណ្ណា​ក៏​ដោយ ត្រូវ​តែ​អនុវត្ត​ឲ្យ​ខាង​តែ​បាន។

អាស្រ័យ​ដោយ​សារ​នយោបាយ​គេ​ដើរ​ត្រូវ គេ​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​ខឿន​សេដ្ឋកិច្ច​រុងរឿង រហូត​មាន​ឈ្មោះ​ជា «កូន​នាគ​អាស៊ី» (ជប៉ុន​ជាប់​ឈ្មោះ​ជា​នាគ​អាស៊ី)។

នយោបាយ​សំខាន់ៗ​របស់​លោក​លីខ្វាន់យូ មាន​ដូចជា៖

-មាន​គណបក្ស​តែ​មួយ​ គឺ​គណបក្ស​ People’s Action Party ដែល​លោក​ជា​អ្នក​បង្កើត។ អ្នក​ណា​ហ៊ាន​ប្រឆាំង​នឹង​នយោបាយ​លោក​លីខ្វាន់យូ ឬ​បង្កើត​គណបក្ស​ថ្មី ត្រូវ​លោក​លីខ្វាន់​យូ​​ចាប់​ដាក់​ពន្ធនាគារ និង​រំលាយ​គណបក្ស​ចោល​ទាំង​អស់។ លោក​យល់​ថា​សិង្ហបុរី​មិន​អាច​មាន​និន្នាការ​នយោបាយ​ច្រើន​បាន​ទេ ពោល​គឺ​ត្រូវ​ដើរ​តាម​បន្ទាត់​នយោបាយ​តែ​មួយ​ដែល​លោក​បាន​ត្រួស​ត្រាយ​ផ្លូវ​រួច​ហើយ។

-ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ ព្រោះ​ប្រទេស​មាន​ផ្ទៃ​ដី​តូច បើ​គ្មាន​តម្រិះវិជ្ជា​ជ្រៅជ្រះ​ មុខ​តែ​ប្រឈម​នឹង​បញ្ហា​ពិបាក​ច្រើន ដូចនេះ​ការ​ពង្រឹង​វិស័យ​អប់រំ និង​ធនធាន​មនុស្ស ស្ថិត​នៅ​ក្នុង​កម្មវិធី​ជា​អាទិភាព​របស់​លោក​លីខ្វាន់យូ។ វិស័យ​អប់​រំ​នៅ​សិង្ហបុរី​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ស្តង់​ដារ​ខ្ពស់​កម្រិត​កំពូល​នៅ​ក្នុង​ពិភពលោក។

-សណ្ដាប់ធ្នាប់ ទាំង​សណ្ដាប់​ធ្នាប់​សង្គម និង​បរិស្ថាន​ស្អាត ចរាចរ​ល្អ សង្គម​គ្មាន​ភាព​អនាធិបតេយ្យ គ្មាន​អំពើ​ឆក់​ប្លន់ ឬ​អំពើ​ពាលា​អាវាសែ​អ្វី​ទាំងអស់។ ការ​បំបាត់​អំពើ​ពុករលួយ ដោយ​ផ្ដល់​ប្រាក់​ខែ ឬ​ប្រាក់​បៀវត្ស​ខ្ពស់​សម្រាប់​មន្ត្រី​រដ្ឋការ។

-លើក​ស្ទួយ «សមភាព​បុរស-ស្ត្រី gender equality» ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ និង​ឧស្សាហូបនីយកម្ម (industrialization) មាន​ន័យ​ថា​កែប្រែ​ប្រទេស​ឲ្យ​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម (នយោបាយ​នេះ​នៅតែ​ត្រូវ​យក​មក​អនុវត្ត រហូត​ដល់​សព្វថ្ងៃ)។

-ប្រឈម​នឹង​ការ​ខ្វះ​ខាត​ធនធាន​ធម្មជាតិ លោក​លីខ្វាន់យូ ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច ដោយ​កែប្រែ​ប្រទេស​ជា​តំបន់​នាំចេញ «ផលិតផល​សម្រេច -finished goods» និង​ដើរ​កៀងគរ​វិនិយោគិន​បរទេស ឲ្យ​ទៅ​បណ្ដាក់​ទុន​សិង្ហបុរី (foreign investment)។

-លោក​លីខ្វាន់យូ ជា​មេដឹកនាំ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត (commitment) ក្នុង​ការ​សម្រេច​ឲ្យ​បាន​ផែនការ​ដែល​លោក​ដាក់​ចេញ ទោះ​បី​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ (at all cost) មាន​ន័យ​ថា​អ្វី​ដែល​លោក​ដាក់​ចេញ​មក​ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន ដោយ​គ្មាន​ការ​លើក​លែង គ្មាន​អ្វី​មក​រារាំង គ្មាន​អ្វី​មក​ហាម​ឃាត់បាន ពោល​គឺ​ «លូកដៃ ដាច់​ដៃ លូក​ជើង​ ដាច់​ជើង»។

-អំពី​វិស័យ​សិទ្ធិ​មនុស្ស មជ្ឈដ្ឋាន​អ្នក​សេរី​និយម ចាត់​ទុក​ថា​លោក​លីខ្វាន់យូ រឹតត្បិត​សេរីភាព​បុគ្គល​ច្រើន​ពេក។ លោក​លីខ្វាន់យូ បាន​ឆ្លើយ​តប​វិញ​ថា នយោបាយ​រឹតត្បិត​សេរីភាព​បែប​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ ក្នុង​នាម​ជា​កោសិកា​សង្គម ត្រូវ​មាន​ស្មារតី​ទទួល​ខុសត្រូវ ថា​តើ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម ត្រូវ​ធ្វើ​អ្វីខ្លះ? ត្រូវ​មាន​កាតព្វកិច្ច​ និង​ទំនួល​ខុសត្រូវ​កម្រិត​ណា?

មិន​ថា​មជ្ឈដ្ឋាន​ខាង​ក្រៅ គេ​រិះ​គន់​ ឬ​វាយ​តម្លៃ​លោក​លីខ្វាន់យូ​ថា​ជា «អ្នក​អត្តាធិបតយ្យ -autocrat» ឬ​ «អ្នក​អាជ្ញា​និយម -authoritarian» យ៉ាង​ណា​ទេ តែ​អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន គឺ​នយោបាយ​របស់​លោក​លីខ្វាន់យូ​នេះ​ហើយ ដែល​នាំ​សិង្ហបុរី​ឲ្យ​រីក​ចម្រើន​ដូច​សព្វថ្ងៃ។ ថ្វីត្បិត​ជា​មេដឹកនាំ​ផ្ដាច់​ការ ក៏​លោក​មិន​មែន​ជា​អ្នក​កុម្មយនិស្ត​និយម​ ហើយ​ក៏​មិន​មែន​ជា​មេដឹកនាំ​ឃោរឃៅ (dictator) ​ដែល​ដើរ​តែ​កាប់​សម្លាប់​មនុស្ស​ ឬ​ធ្វើ​បាប​មនុស្ស​ដោយ​ឥត​មូលហេតុ​ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​នោះ​ក៏​ទេ​ដែរ។ នៅ​ក្នុុងនយោបាយ​ការបរទេស ក្នុ​ងអំឡុង​សង្គ្រាម​ត្រជាក់ លោក​តែ​ង​តែ​គាំទ្រ​​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ដែល​ប្រឆាំង​នឹង​លទ្ធិកុម្មុុយនិស្ត។

លោក​លីខ្វាន់យូ បង្ហាញ​ទស្សនៈ​នយោបាយ​របស់​លោក​ថា​លទ្ធិ​នយោបាយ​មួយ​ មិន​អាច​អនុវត្ត​បាន​គ្រប់​កាលៈទេសៈ​​ទេ មានន័យ​ថា​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ត្រូវ​​មាន​បែប​ផែន​របស់​វា ដូច​ជា «ប្រជាធិបតេយ្យ​តាម​បែប​បស្ចិមប្រទេស» និង «ប្រជាធិបតេយ្យ​តាម​បែប​អាស៊ី» ដោយ​លោក​សង្កត់​ធ្ងន់​អំពី «តម្លៃ​អាស៊ី -Asian value» ព្រោះ​ទ្វីប​អាស៊ី​មាន​លក្ខណៈ​​ស្មគស្មាញ​ ចម្រុះ​ដោយ​វប្បធម៌​​ច្រើន ដែល​មិន​អាច​យក​ស្តង់ដារ​ប្រជាធិបតេយ្យ​​តាម​បែប​​បស្ចិម​ប្រទេស​ ​ទៅ​អនុវត្ត​ជោគ​ជ័យ​ ដោយ​គ្មាន​ការ​កែ​ច្នៃ​នោះ​ទេ។ នេះ​ជា​ទស្សនៈ​របស់​លោក​លីខ្វាន់យូ៕

តើ​បិតា​ស្ថាបនិក​ប្រទេស​កូន​នាគ​សិង្ហបុរី​ លី ខ្វាន់យូ ជា​អ្នកណា?


ប្រទេស​សិង្ហបុរី ជា​គឺជា​ប្រទេស​លេចធ្លោ​ក្នុង​តំបន់​ ព្រោះ​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ ទោះបីជា​ផ្ទៃ​ដី​ប្រទេស​នេះ​​តូច​ក៏​ដោយ​ ដូច្នេះ​សូម​រំលឹក​ដល់​ ​បិតា​ស្ថាបនិក​របស់​ប្រទេស​សិង្ហបុរី គឺ​លោក​ លី ខ្វាន់យូ ដែល​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​ ដឹកនាំ​ប្រទេស​ពី​ចំណុច​សូន្យ​រហូត​ថ្កុំថ្កើង​ដូច​សព្វ​ថ្ងៃ។ 

តើ​លោក​ លី ខ្វាន់យូ គឺ​ជា​នរណា? 

លោក លី ខ្វាន់យូ បាន​កើត​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា   ឆ្នាំ​១៩២៣ ហើយ​លោក​ជា​មនុស្ស​ដំបូង​គេ​  ហើយ​ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​កាន់ ​តំណែង​ជា​ប្រធានាធិបតី​ដំបូង​បំផុត​របស់​ប្រ​ទេស សិង្ហបុរី ដែល​ជា​ប្រទេស​កូន​នាគ ក្នុង​ចំណោម​កូន​នាគ​ទាំង​បួន​នៅ​អាស៊ី។​ លោក លី​ ត្រូវ​បាន​ប្រជា​ជន​សាំងហ្គាពួរ​(ស៊ីង្ហបុរី)​ ប្រសិទ្ធ​នាម​ជា​ "បិតា​នៃ​ស៊ីង​ហ្គា​ពួរ (Father of Singapore)”។​

លោក លី ខ្វាន់យូ បាន​កើត​នៅ​ក្នុង​គ្រួសារ​ចិន ​ត្រកូល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​មួយ​ដែល​ស្ថិត​នៅ​តំបន់ Kampong JavaRoad ផ្លូវ​លេខ​៩២ នៅ​លើ ទឹកដី​នៃ​ប្រទេស សិង្ហបុរី។   លោក​បាន​ទទួល​ការអប់រំ​ថ្នាក់​ដំបូង​(មត្តេយ្យសាលា) នៅ​សាលា Teloau ហើយ​លោក​ត្រូវ​បាន​គេ​ វាយ​តម្លៃ​ជា​ក្មេង​ដែល​រៀន​ខ្សោយ មិន​រហ័សរហួន និង មិន​ឆ្លាត​ទាល់​តែ​សោះ។ 

ប៉ុន្តែ​លោក​បាន​កែប្រែ​ទាំង​ស្រុង​បន្ទាប់​ពី​លោក លី បាន​ចូល​ទៅ​រៀន​នៅ​វិទ្យា​ស្ថាន​មួយ ​ឈ្មោះថា រ៉ាហ្វល​អ៊ីនស្តីដ្យូត ព្រោះ​លោក​បាន​ជួប​នឹង​មនុស្ស​ពូកែ​ៗ​ដែល​មាន​ឥទ្ធិ​ពល​លើ​លោក​ចំនួន ១៥០ នាក់​ដែល​មក​ពី​ទូទាំង​ប្រទេស​សាំងហ្គាពួរ​នៅ​នោះ  ​ដែល​ធ្វើ​ឲ្យ​លោក​ផ្លាស់ប្ដូរ​ជីវិត​បាន​ហើយ​ប្រែ​ជា​កំពូល​ជាង​ពួក​គេ​ទៅ​ទៀត។ 

លោក លី ខ្វាន់យូ បាន​បន្ត​ការ​សិក្សា​ថា្នក់​មហា​វិទ្យាល័យ​ជំនាញ​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​ខេម​ប្រ៊ិដច៍​ក្នុង​ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ ១៩៥០​ តែ​ការ​សិក្សា​របស់​លោក​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​សារ​តែ​សង្គ្រាម​លោក​លើក​ទី២​ដែល​យាយី​ពិភព​លោក​អស់​រយៈ​ពេល​ជាង​បី​ឆ្នាំ។ ជំនួស​ឱ្យ​ការ​អនុ​វត្ត​មុខ​វិជ្ជា​ច្បាប់​នៅ​មហា​វិទ្យាល័យ​លោក​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​កាន់​បារ​មួយ​នៅ​អង់គ្លេស​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក លី អាច​រំដោះ​ខ្លួន​រួច​ហើយ​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ភូមិ​ខ្លួន​វិញ​និង​បាន​បន្ត​ការ​សិក្សា​របស់​លោក​វិញ។ 

ជីវិត​នយោបាយ

លោក លី​ បាន​ចូល​ប្រលូក​នៅ​ក្នុង​វិស័យ​នយោបាយ​សិង្ហបុរី នៅ​ចំ​ពេល​ដែល​ប្រទេស​ដ៏​តូច​នៅ​អាស៊ី​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​អង់គ្លេស។ កាល​ពី​សម័យ​នោះ​អ្នក​ជំនួញ​ធំ​ៗ​មាន​ៗ​របស់​ចិន​ត្រូវ​បាន​គេ​តែង​តាំង​កាន់​តំណែង​កំពូល​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដោយ​មិន​បាន​ឆ្លង​កាត់​បោះ​ឆ្នោត​ពីប្រជា​ពលរដ្ឋ​ឡើយ។នៅ​ក្នុង​ឆ្នាំ ១៩៥០ ប្រទេស​ស៊ីង​ហ្គាពួរ​បាន​បោះ​ជំហាន​មក​ដល់​កំណែទ​ម្រង់​រដ្ឋ​ធម្មនុញ្ញ​និង​ឯក​រាជ្យ​ភាព ហើយ​លោក លី ក៏​បាន​ចូល​ខ្លួន​ប្រកូត​ប្រជែង​នៅក្នុង​ពេល​នោះ​ជាមួយ​គេ​ដែរ​ក្នុង​ការ​រៀប​ចំ​រចនា​សម្ពន្ធ​គ្រប់​គ្រង​ប្រទេស។ 

លោក​ទទួល​បាន​សមិទ្ឋ​ផល​យ៉ាង​ឆាប់​រហ័ស ដោយ ឆ្នាំ ១៩៥៤  លោក​ លី​ បាន​ក្លាយ​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ផ្ទាល់​ខ្លួន​របស់​លោក​ មួយ​ដែល​មាន​ឈ្មោះ​ថា គណ​បក្ស​សកម្ម​ភាព​ប្រជា​ជន (PAP)។ 

ជាមួយ​គណបក្ស​របស់​លោក លោក លី បាន​ទាម​ទារ​ឲ្យ​បាន​ឯករាជ​ភាព​ពី​ប្រទេស​អង់គ្លេស​បាន​ជោគ​ជ័យ​នៅ​ឆ្នាំ ១៩៥៧ ​ដោយ​លោក​បាន​បញ្ចប់​ភាព​រង្គោះរង្គើ​ដែល​សិង្ហបុរី បាន​ជួប​ប្រទះ​ក្នុងរយៈ​ពេល​ដ៏​យូរ​ក្រោម​ការ​ត្រួតត្រា​របស់​អង់គ្លេស ហើយ​ឥទ្ធិពល​របស់​ឥណ្ឌូណេស៊ី និង ចិន ​ក៏​ត្រូវ​រលាយ​បាត​ពី​ប្រទេស​ផង​ដែរ។នៅ​ថ្ងៃ​ទី​០៥ មិថុនា ១៩៥៩ គណ​បក្ស​សកម្ម​ភាព​ប្រជាជន (PAP) របស់​លោក​ត្រូវ​បាន​ប្រជា​ជន​បោះ​ឆ្នោត​តាម​ច្បាប់​ឲ្យ​គ្រប់​គ្រង​ប្រទេស លោក​ក៏​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​មួយ​របស់​ប្រទេស​នេះ​តាំង​ពី​ពេល​នោះ​មក។

យុទ្ធសាស្ត្រ​ដឹកនាំ

ក្នុង​ភាព​ជា​ប្រធានាធិបតី​របស់​ប្រទេស​ឯក​រាជ​មួយ​នៅ​អាស៊ី​លោក លី ខ្វាន់យូ ស្ដារ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចាប់​ពី​ចំណុច​ទទេ​មួយ​រហូត​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋ​កិច្ច​មួយ​នៅ​អាស៊ី​ជាមួយ​នឹង​ហុង​កុង កូរ៉េ​ខាង​ត្បូង នឹង តៃវ៉ាន់។ លោក បាន​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ដូច​ខាង​ក្រោម៖

វិស័យ​អប់រំ ៖ លោក​បាន​ជញ្ជួន​និស្សិត​សាំងហ្គាពួរ​ជាច្រើន​ឲ្យទៅ​រៀន​នៅ​បរទេស​ក្រោម​ការ​ឧប​ត្ថម្ភ​របស់​រដ្ឋ ស្រលាញ់​គំនិត​របស់​យុវជន​យ៉ាង​ខ្លាំង។

ទំនាក់​ទំនង​ការ​បរទេស៖ លោក លី បាន​បង្កើន​ទំនាក់​ទំនង​ល្អ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាមួយ​ប្រទេស​ជិត​ខាង និង​ពិភព​លោក ដែល​ធ្វើ​ឲ្យ​ពិភព​ទទួល​ស្គាល់​ឯករាជ​ភាព​ទាំង​របស់​ប្រទេស​នេះ។

វិស័យ​បច្ចេកវិទ្យា៖ បញ្ញវន្ត​ដែល​ត្រលប់​មក​ពី​បរទេស​វិញ​ត្រូវ​បាន​រដ្ឋ​ទំនុក​បម្រុង ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​គិត​ថ្មី​បំផុត​របស់​ខ្លួន  ​ក្នុង​បច្ចេកទេស​ផ្សេងៗ​យ៉ាង​ទូលំ​ទូលាយ រហូត​ដល់​បច្ចេកវិទ្យា​របស់​សាំងហ្គាពួរ​ត្រូវ​បាន​ទទួល​ដោយ​ពិភពលោក។

រដ្ឋបាល៖ លោក លី​ យល់ថា អំពើ​ពុករលួយ​គឺ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ហើយ​ការ​តំឡើង​ប្រាក់​ខែ​ខ្ពស់​ដល់​មន្ត្រី​ក្នុង​ជូរ​រដ្ឋាភិបាល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ដោះ​ស្រាយ​បញ្ហា​នេះ នឹង​អនុវត្តន៍​គោល​នយោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​បំផុត។

វិស័យ​យោធា៖ កម្លាំង​​យោធា​ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​ត្រូវ​បាន​ដាក់​វិន័យ​យ៉ាង​តឹង​រឹង​ដោយ​ប្រកាន់​យក​ឯក​រាជ​ភាព​ទឹក​ដី​មិន​បំពាន​ប្រទេស​ដទៃ។

ដោយ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​ប្រទេស​ដ៏​អស្ចារ្យ បែប​នេះ​ហើយ​ទើបបាន ​ធ្វើ​លោក លី ខ្វាន់យូ ត្រូវ​បាន​ប្រជា​ជន​សិង្ហបុរី​ទាំង​អស់​បាន​ឧទ្ទេស​នាម​ដល់​លោក​ថា "បិតា​នៃ​ស៊ីង​ហ្គា​ពួរ (Father of Singapore)”។​ លោក​លី ខ្វាន់យូ ត្រូវ​បាន​ប្រជា​ជន​សិង្ហបុរី និង ពិភពលោក​ទទួល​ស្គាល់​ថា​ ជា​មេដឹកនាំ​កំពូល​ម្នាក់​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ពិភព​លោក ទៅ​លើ​ភាព​ឆ្លាតវៃ ប៉ិន​ប្រសប់ ឲ្យ​តម្លៃ​មនុស្ស លើក​ចិត្ត និង ការ​គោរព​សិទ្ធិ​មនុស្ស។