ខាងក្រោមនេះ ជាច្បាប់ដ៏តឹងតែងរបស់សិង្ហបុរី ដែលគេមិនអាចមើលរំលងបានទេ ព្រោះសិង្ហបុរីជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលអនុវត្តច្បាប់ និងវិន័យម៉ត់ចត់គ្រប់ជ្រុងជ្រោយ គ្មានករណីលើកលែង។
១- បញ្ហាស្ករកៅស៊ូ សំរាម និងការពិសាបារី៖ នៅសិង្ហបុរី ការលក់ស្ករកៅស៊ូជាអំពើល្មើសច្បាប់។ ដូចនេះ បញ្ហាដោះស្រាយសម្រាប់អ្នកស្អុយមាត់ គឺទំពារជីអង្កាម។ ពេលលោកអ្នកអញ្ជើញទៅដល់ប្រទេសសិង្ហបុរី សូមទុកដាក់ស្ករកៅស៊ូនៅក្នុងកាបូបឲ្យបានស្រួល ព្រោះពេលប៉ូលិសចាប់បាន ត្រូវជាប់ពិន័យ ១០០០ ដុល្លារអាមេរិក ទុកជាការព្រមានលើកទីមួយ។
២- អ្នកដែលបោះសំរាមចោលពាសវាលពាសកាល ត្រូវជាប់ពិន័យ ៣០០ ដុល្លារអាមេរិក (សម្រាប់សំរាមខ្នាតតូចដូចជា ៖ ចោលកន្ទុយបារី ឬសម្បកស្ករគ្រាប់)។ សំរាមខ្នាតធំដូចជា ៖ កំប៉ុងស្រាបៀរ ឬដបទឹកសុទ្ធ ត្រូវយកទៅជំនុំជំរះទោសនៅតុលាការ។ អ្នកដែលជាប់ពិរុទ្ធពីបទចោលសំរាមខ្នាតធំ ត្រូវជាប់អនុវត្តទោសដោយបោសសម្អាតទីសាធារណៈ និងពិន័យ ១០០០ ដុល្លារសិង្ហបុរី (៨០០ ដុល្លារអាមេរិក)។
៣- ការជក់បារីត្រូវហាមប្រាមដោយច្បាប់ ៖ ហាមជក់បារីនៅបន្ទប់បិទជិតគ្រប់ប្រភេទទាំងអស់ ដែលជាកន្លែងសាធារណៈ។ ក្រៅពីនោះ ទីធ្លាបើកទូលាយ ក៏មិនអនុញ្ញាតឲ្យពិសាបារីដែរ។ អ្នកជក់បារីត្រូវពិន័យ ២០០ ដុល្លារសិង្ហបុរី (១៦០ ដុល្លារអាមេរិក) ទុកជាការពិន័យលើកទីមួយ ហើយក្នុងករណីមិនរាងចាល ត្រូវឡើងតុលាការនិងជាប់ពិន័យ ១០០០ ដុល្លារសិង្ហបុរី (៨០០ ដុល្លារអាមេរិក)។
៤- នោមក្នុងជណ្ដើរយោង ៖ ហាមនោមនៅក្នុងជណ្ដើរយោង ៖ រដ្ឋាភិបាលសិង្ហបុរីបានបំពាក់ឧបករណ៍តាមដានទឹកនោម (Urine Detection Devices) នៅតាមជណ្ដើរយោងគ្រប់កន្លែងទាំងអស់។ ដូចនេះ នៅពេលមានក្លិនទឹកនោមនៅទីនោះ ឧបករណ៍នេះនឹងបញ្ជូនរលកសញ្ញាទៅប៉ូលិស ហើយប៉ូលិសនឹងចេញបញ្ជាបិទដំណើរការជណ្ដើរនោះ រហូតទាល់តែប៉ូលិសទៅដល់។ ដូចនេះ កុំសង្ឃឹមថាគេចផុតពីដៃសមត្ថកិច្ចឲ្យសោះ ប្រសិនបើ ហ៊ាននោមដាក់ជណ្ដើរ។
ភ្លេចចុចទឹកបង្គន់ ពិន័យ ១៥០ ដុល្លារសិង្ហបុរី (១២០ ដុល្លារអាមេរិក) ៖ ក្នុងករណីអ្នកណាម្នាក់ចូលបន្ទប់ទឹកដើម្បីបត់ជើងតូច ឬធំ ត្រូវតែចុចទឹកបង្គន់ជាដាច់ខាត ពុំនោះទេតែកាលណាប៉ូលិសចាប់បាន ត្រូវជាប់ពិន័យ។
៥- ការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ៖ ការប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ ដូចជាការដើរគូសវាសក្រវេមក្រវាមលើឡាន ម៉ូតូ ជញ្ជាំងអគារ។ល។ មិនត្រឹមតែជាប់ពិន័យទេ ត្រូវវាយនឹងរំពាត់នៅចំពោះមុខមហាជនទៀតផង។ មានករណីដ៏ល្បីល្បាញមួយផ្អើលពេញពិភពលោករឿង យុវជនម្នាក់ជាជនជាតិអាមេរិកបានយកទឹកថ្នាំទៅបាញ់លើឡានរបស់អ្នកដទៃ ឡើងប្រឡាក់ខ្ទេចខ្ទីអស់។ យុវជននោះត្រូវតុលាការផ្ដន្ទាទោសដាក់គុកពីរឆ្នាំ និងវាយប្រាំមួយរំពាត់ ប៉ុន្តែត្រូវបានបន្ធូរបន្ថយបន្ទាប់ពីអន្តរាគមន៍ពីប្រធានាធិបតីប៊ីលគ្លីនតុនកាលជំនាន់នោះ។
៦- បញ្ហាវីដេអូ ឬរូបអាសអាភាស ៖ សិង្ហបុរីហាមប្រាមមិនឲ្យចុះផ្សាយ ឬចែកផ្សាយគ្រប់ទិដ្ឋភាពដែលមានចរិតលក្ខណៈអាសអាភាស ឬនិយាយអំពីការរួមរ័ក (sex) ជាដាច់ខាតដូចជា ៖ ទស្សនាវដ្ដី កាសែតវីដេអូ ឌីវីឌី រូបថតតាមអ៊ីនធើណិត។ សូម្បីទស្សនាវដ្ដីស្រើបស្រាលដូចជា Cosmopolitan ថ្វីត្បិតត្រូវរដ្ឋាភិបាលអនុញ្ញាតឲ្យបោះពុម្ពផ្សាយ ក៏បានសរសេរហាមប្រាមអ្នកក្រោមអាយុ ១៨ ឆ្នាំមិនឲ្យមើល។
ការស្រាតខ្លួនននលគោក ឬស្លៀកតែខោក្នុងតូចមួយបិទបាំង ហើយដើរចេញទៅក្រៅផ្ទះ ក៏មានទោសដែរ ដើម្បីរក្សាភាពអភិរក្សនិយមដែលមានតាំងពីដូនតា។ ច្បាប់ចែងថាការធ្វើបែបនេះក៏ជាទម្រង់នៃ «ភាពអាសអាភាស - pornographic» មួយដែរ៕
http://www.thebnews.com/news/7296/
No comments:
Post a Comment