Tuesday, October 13, 2015

​ស្នាដៃ​បិតា​ស្ថាបនា​ជាតិ លី ខ្វាន់យូ ដែល​ប្រជាជន​ចង​ចាំ​មិន​ភ្លេច

មនុស្ស​ទៅ​បាត់ តែ​ស្នាដៃ កេរ្តិ៍ឈ្មោះ និង​សមិទ្ធផល​នានា​មិន​រលត់​ទៅ​តាម​មនុស្ស​ឡើយ។ លោក លី ខ្វាន់យូ ដែល​ប្រជាជន​សិង្ហបុរី​ចាត់​ទុក​ថា​ជា​បិតា​ស្ថាបនា​ជាតិ បាន​លាចាក​លោក​កាល​ពី​យប់​មិញ​ហើយ ប៉ុន្តែ​អ្វី​ៗ​ដែល​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​សម្រេច​បាន នៅ​តែ​មាន​វត្តមានរហូត​​ដល់​សព្វថ្ងៃ។

១

ខាង​ក្រោម​នេះ ជា​ស្នាដៃ​មួយ​ចំនួន​ដែល​លោក លី ខ្វាន់យូ នាំ​មក​ជូន​ប្រទេស​សិង្ហបុរី៖

ឯករាជ្យ​សិង្ហបុរី

ដំបូង​ឡើយ ប្រទេស​សិង្ហបុរី​គ្រាន់​តែ​ជា​កំពង់ផែ​ដ៏​តូច​មួយ និង​ជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក ស្ថិត​ក្រោម​អាណានិគម​​អង់គ្លេស។ ដើម្បី​រក​វិធី​ដក​ខ្លួន​ពី​អាណានិគម​នេះ បិតា​ស្ថាបនា​ជាតិ លី ខ្វាន់យូ បាន​រៀប​ចំ​យុទ្ធនាការ​រួម​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។

​លោក លី ខ្វាន់យូ បាន​​រៀបចំ​ប្រជាមតិ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៦២ ស្វែង​រក​អ្នក​គាំទ្រ ដោយ​មាន​អ្នក​យល់​ព្រម​រហូត​ដល់​ទៅ ៧០​ភាគ​រយ។ នៅ​ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ​១៩៦៣ លោក លី ខ្វាន់យូ បាន​សម្រេច​ចិត្ត​រួម​ច្របាច់​ប្រទេស​សិង្ហបុរី​ជាមួយ​ប្រទេស​ម៉ាឡេស៊ី រួម​ទាំង​រដ្ឋ​ពីរ​ផ្សេង​ទៀត បង្កើត​បាន​ជា​សហព័ន្ធ​មួយ។ ទីបំផុត ​ប្រទេស​សិង្ហបុរី ក៏​រួច​ផុត​ពី​អាណានិគម​អង់គ្លេស​ក្នុង​ឆ្នាំ១៩៦៥។

​ការ​បំបែក​ចេញ​ពី​ម៉ាឡេស៊ី​

បើ​ទោះ​បី​ទទួល​បាន​ឯក​រាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្ដី ក៏​ប្រជាជន​មិន​ទាន់​ទទួល​បាន​សេចក្ដី​សុខ​ពេញ​ទី​នៅ​ឡើយ ដោយសារ​ការ​រួមរស់​ក្នុង​នាម​ជា​សហព័ន្ធ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​រដ្ឋ​ពីរ​ផ្សេងទៀត មាន​ការ​រកាំរកូស​គ្នា​ជាប់​ជានិច្ច រហូត​ដល់​មានការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​គ្នា​ផង។

កុបកម្ម​ពី​អ្នក​ប្រឆាំង​កើត​ឡើង​ជា​បន្ត​បន្ទាប់ ទំនិញ​ចេះ​តែ​ឡើង​ថ្លៃ និង​បញ្ហា​នានា បាន​​ដាក់​សម្ពាធ​ឲ្យ​លោក លី ខ្វាន់យូ លើក​ដៃ​ចុះ​ហត្ថលេខា​ផ្ដាច់​ខ្លួន​ចេញ​ពី​សហព័ន្ធ​ម៉ាឡេស៊ី​វិញ នៅ​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​១៩៦៥។ បរាជ័យ​មួយ​នេះ បាន​ធ្វើ​ឲ្យ​លោក លី ខ្វាន់យូ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តាំង​ពី​ដើម​រៀង​មក វីរបុរស​រូប​នេះ តែង​យល់​ឃើញ​ថា​ការ​ចូលរួម​ក្នុង​សហព័ន្ធ​ម៉ាឡេស៊ី​គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រជាជន​សិង្ហបុរី។

ចាប់​ផ្ដើម​កសាង​ប្រទេស​ពី​បាត​ដៃ​ទទេ

បើ​ទោះ​បី​ប្រទេស​សិង្ហ​បុរីធ្លាប់​ជា​កំពង់​ផែ មាន​ផ្ទៃដី​តូច ទើប​រួច​ពី​អាណានិគម ខ្វះ​ធនធាន​ធម្មជាតិ និង​ទើប​ផ្ដាច់​ខ្លួន​រស់នៅ​ដោយឯកឯង​ក្ដី ក៏​លោក លី ខ្វាន់យូ បាន​ដឹក​នាំ​ប្រទេស​នេះ​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត។ អ្វី​ដែល​ប្រជាជន​ចង​ចាំ​មិន​ភ្លេច គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ទី​មួយ​របស់​សិង្ហបុរី​រូប​នេះ តែង​ក្រើន​រំលឹក​​ខ្លួន​ប្រជាជន​ជា​រឿយៗ​ថា ធនធាន​មនុស្ស និង​ភាព​រឹងមាំ​ក្នុង​ការងារ ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

លោក លី ខ្វាន់យូ បាន​ដឹក​នាំ​ប្រទេស​សិង្ហបុរី​ចូល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​១៩៦៥ ព្រម​ទាំង​ចូលរួម​ជាមួយ​ប្រទេស​៤ ទៀត​ក្នុង​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​សិង្ហបុរី​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ក្នុង​តំបន់​អាស៊ាន និង​ជា​កូន​នាគ​មួយ​នៅ​អាស៊ី។ ទោះ​យ៉ាង​ណា​ក្ដី លោក លី ខ្វាន់យូ មិន​បាន​ក្រាញ​ននាល​ជាមួយ​អំណាច​ទេ ពោល​គឺ​ក្នុង​ឆ្នាំ​១៩៩០ វីរបុរស​រូប​នេះ បាន​ចុះ​ចេញ​ពី​តំណែង និង​ទុក​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​លោក Goh Chok Tong ដឹកនាំ​បន្ត។

នៅ​ឆ្នាំ​២០០៤ ត្រកូល លី បាន​ឡើង​មក​កាន់​តំណែង​ម្ដង​ទៀត ប៉ុន្តែ​រូប​គេ​​គឺ​ជា​ជំនាន់​ក្រោយ ឈ្មោះ លី ស៊ានឡុង ត្រូវ​ជា​កូន​បិតា​ស្ថាបនា​ជាតិ លី ខ្វាន់យូ ដែល​កំពុង​មាន​វត្តមាន​ដឹក​នាំ​ប្រទេស​រហូត​ដល់​សព្វថ្ងៃ៕

No comments:

Post a Comment