មហាយក្សចិនបានរៀនសូត្រច្រើនទាំងការគ្រប់គ្រងនយោបាយនិងសេដ្ឋកិច្ចពីប្រទេសដ៏តូចមួយនៅអាស៊ីអាគ្នេយ៍ ដែលគ្រប់គ្នាស្គាល់ថា«សិង្ហបុរី»។ ចិនបានយកសិង្ហបុរីជាគម្រូដើម្បីឲ្យអនាគតចិនភ្លឺស្វាង តាំងពីជំនាន់លោក តេង ស៊ាវពីងនៅកាន់ក្បាលម៉ាស៊ីនដឹកនាំចិនម្ល៉េះ តែកាលនោះលោកចាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចសិង្ហបុរីច្រើនជានយោបាយ។ ជំនាន់លោក ស៊ីជិនពីង ក៏ចាប់ផ្តើមរៀនសូត្រពីការដឹកនាំរដ្ឋបាលនិងនយោបាយសិង្ហបុរីបន្តទៀតដើម្បីធានាថាចិននឹងឆ្ពោះទៅរកភាពជោគជ័យគ្រប់វិស័យ។
មហាយក្សចិនក៏បានអបអរសាទរចំពោះសមិទ្ធផលដែលប្រជាជនសិង្ហបុរីសម្រេចបាន ក្នុងឱកាសបុណ្យឯករាជ្យលើកទី៥០នៃសាធារណរដ្ឋសិង្ហបុរី។ ចិន តាំងពីជំនាន់លោក តេង ស៊ាវពីង បានបង្កើតទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលសិង្ហបុរីក្រោមការដឹកនាំរបស់បក្សសកម្មភាពប្រជាជនរបស់លោក លី ក្វាន់យូ។
ថ្វីត្បិតថាចិនខិតខំប្រឹងប្រែងខ្លាំងដើម្បីកែប្រែមុខមាត់និងធ្វើឲ្យខ្លួនក្លាយជាមហាអំណាចក៏ដោយ ចិនមានថ្ងៃនេះក៏ដោយសាររៀនពីសិង្ហបុរី។ មេដឹកនាំចិនបានទទួលស្គាល់ផងដែរពីបញ្ហានេះ ថែមទាំងដឹងគុណស្ថាបនិកសិង្ហបុរីលោក លីក្វាន់យូផងដែរ។ ចិនមានសេដ្ឋកិច្ចរីកលូតលាស់រហ័សដោយយកគម្រូតាមសិង្ហបុរី ហើយបើក្រឡេកមើល នយោបាយ ចិនក៏រៀនសូត្រច្រើនពីគោលការណ៍តម្លៃអាស៊ីរបស់លោកលីក្វាន់យូដែរ។
លោក ស៊ី ជីនពីងធ្លាប់ថ្លែងម្តងរួចមកហើយក្រោយការទទួលមរណភាពរបស់ស្ថាបនិកសិង្ហបុរី លី ក្វាន់យូថា ចិនមានបានដល់សព្វថ្ងៃក៏ដោយសារការរៀនសូត្រដោយយកគម្រូសេដ្ឋកិច្ចសិង្ហបុរី។ តាមពិតទៅ អំឡុង ទសវត្សទី ៧០ លោក លីក្វាន់យូរបានអញ្ជើញទៅទស្សនកិច្ចនៅក្នុងប្រទេសចិន ដោយលោកបានជួបជាមួយមេដឹកនាំចិនលោក តេង ស៊ាវពីង ដោយភាគីទាំងពីរបានជជែកពិភាក្សាគ្នាច្រើនរឿងដឹកនាំស្រុកទេស។ ហើយទសវត្សទី ៨០ លោក តេង ស៊ាវពីង ដែលជាប្រមុខរដ្ឋចិននោះ បានអញ្ជើញទៅទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរីវិញ ដោយលោកបានឃើញផ្ទាល់ភ្នែកពីគុណសម្បតិ្តនៃការធ្វើទំនើបកម្ម និងបើកចំហរសេដ្ឋកិច្ចរបស់សិង្ហបុរីទៅកាន់ពិភពលោក។
បន្ទាប់ពីសង្កេតឃើញការលូតលាស់របស់សិង្ហបុរី លោក តេង ស៊ាវពីង ក៏ចាប់ផ្តើមគិតឃើញថា របបកុម្មុយនីស្តរបស់ចិនមិនអាចជួយចិនឲ្យក្លាយជាមហាយក្សសេដ្ឋកិច្ចឡើយ។
លោកក៏បានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ចិនទៅជា សេដ្ឋកិច្ចទីផ្សាសេរី ទោះជានយោបាយនៅបិទក៏ដោយ។ ដោយសារផ្លាស់ប្តូរមកជាសេដ្ឋកិច្ចបើកចំហ បែបនេះហើយ ទើបបានជាសេដ្ឋកិច្ចចិនរីកលូតលាស់រហ័ស រហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខរៀងទីពីរពិភពលោកនាពេលបច្ចុប្បន្ននេះ។
ដោយឡែក របបដឹកនាំក្រុងប៉េកាំង មើលឃើញពីឥទ្ធិពលនិងសារសំខាន់នៃ គោលការណ៍ «តម្លៃអាស៊ី» ដែលដើរផ្ទុយពីប្រជាធិបតេយ្យបែបបស្ចិមលោក ដែលផ្តល់តម្លៃខ្លាំងដល់សិទ្ធិសេរីភាពប្រជាជន។ យោងតាមគោលការណ៍ «តម្លៃអាស៊ី» ស្ថិរភាព និងវិន័យតឹងរ៉ឹងជាស្នូលនៃការលូតលាស់នៃសេដ្ឋកិច្ចជាតិ ហើយប្រជាជនមិនចាំបាច់មានសិទ្ធិសេរីភាពច្រើនពេកទេ។ បើផ្តល់សិទ្ធិសេរីភាពពេក សង្គមធូររលុង និងបង្កភាពអនាធិបតេយ្យពិបាកគ្រប់គ្រង។ ប្រជាជនលែងខ្វល់រឿងសិទ្ធិសេរីភាពអ្វីទៀត កាលណាពួកគេមានជីវភាពធូរធារ រស់នៅក្នុងសង្គមមានស្ថិរភាពនិងសន្តិសុខភាព។
នៅក្នុងឆ្នាំ ២០១០ លោក ស៊ី ជីនពីង បានក្លាយជាមេដឹកនាំជាន់ខ្ពស់ចិនដែលទៅទស្សនកិច្ចនៅសិង្ហបុរី ដោយលោកបានជួបជជែកពិភាក្សាជាមួយលោក លីក្វាន់យូផងដែរ។ ក្នុងឱកាសនោះ លោក ស៊ី បានឆ្លៀយកោតសរសើរពីការដឹកនាំរបស់សិង្ហបុរី ហើយលោកហាក់ដូចជាត្រៀមខ្លួនរៀនសូត្របន្ថែមពីសិង្ហបុរីដើម្បីដឹកនាំប្រទេសចិនទៅថ្ងៃមុខជាពិសេស ការរៀនសូត្រពីការដឹកនាំនយោបាយនិងសង្គមតែម្តង។
ដូចគេធ្លាប់គិតទុកមែន ក្រោយឡើងកាន់តំណែងជាប្រមុខរដ្ឋចិន លោក ស៊ី ចាប់ផ្តើមយកមេរៀនដែលោកបានរៀនពីសិង្ហបុរី ដោយប្រើប្រាស់កណ្តាប់ដៃដែកជំរុញឲ្យមាន«រដ្ឋបាលស្អាតស្អំ»និងមានប្រសិទ្ធភាពខ្ពស់ដូចសិង្ហបុរី។ ថ្វីបើចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចក៏ដោយ តែរដ្ឋការនិងមន្ត្រីចិននៅខ្សោយ ខ្វះវិន័យ ពុករលួយខ្លាំង ជាពិសេសក្នុងបក្សនិងកងទ័ព។ បើមើលទៅសិង្ហបុរី មន្ត្រីរដ្ឋការ តាមស្ថាប័នសាធារណ អ្នកនយោបាយ និងវិស័យឯកជនប្រកាន់ខ្ជាប់ភាពស្អាតស្អំ មិនស៊ីសំណូកសូកប៉ាន់ដែលបង្កគ្រោះថ្នាក់ដល់សង្គមឡើយ។ ក្នុងនាមជាប្រធានបក្ស លោក ស៊ី ជីនពីង ចាប់ផ្តើមបង្ក្រាប ដកតំណែង កាត់ទោស និងបោសសម្អាតរាល់មន្ត្រីពុករលួយ ដោយសង្ឃឹងខ្ពស់ថាមិនយូរមិនឆាប់ចិននឹងដើរដល់ចំណុចមួយដូចសិង្ហបុរីដូច្នេះដែរ។
ក្រៅពីរដ្ឋការស្អាតស្អំ លោក ស៊ី បានស្វែងយល់ច្រើនពីគោលការណ៍តម្លៃអាស៊ី ហើយលោកក៏គាំទ្រគោលនការណ៍នេះដែរ។ សម្រាប់អ្នកនយោបាយម្នាក់នេះ ប្រជាធិបតេយ្យបែបបស្ចិមលោក មិនស័ក្តិសមនឹងប្រទេសអាស៊ីឡើយ បើផ្អែកលើកត្តាវប្បធម៌ និងប្រវត្តិសាស្ត្រ។ សង្គមអាស៊ីត្រូវមានវិន័យតឹងរ៉ឹង ហើយស្ថិរភាពជារឿងអាទិភាពជាងសេរីភាពនិងសិទ្ធិមនុស្សដែលលោកខាងលិចឲ្យតម្លៃ។ លោក ស៊ី បានប្រឹងប្រែងបញ្ជៀបគោលការណ៍តម្លៃអាស៊ីក្នុងសង្គមចិន និងលើកកម្ពស់ការផ្សព្វផ្សាលទ្ធិខុងជឺ ដើម្បីប្រឆាំងឥទ្ធិពលគ្រោះថ្នាក់ដែលបង្កដោយលោកខាងលិច។
យ៉ាងណាក៏ដោយ បើប្រៀបធៀបគ្នា បើទោះជាបីជាគោលនយោបាយដឹកនាំសិង្ហបុរីហាក់ដូចផ្តាច់ការក៏ដោយ វាក៏នៅទូលាយនិងបើកចំហរជាងចិនឆ្ងាយ។ ចិនព្យាយាមរៀនសូត្រពីសិង្ហបុរីទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ប៉ុន្តែមិនចង់បញ្ចប់ជីវិតរបបកុម្មុយនិស្ត និងរបបដឹកនាំដោយបក្សតែមួយនាពេលបច្ចុប្បន្ននោះឡើយ៕
No comments:
Post a Comment